កញ្ញា វ៉ា​ន់ នី​ឡា ថា​ការ​ខូច​បង់​កិត្តិយស​របស់​នាង ​មិន​អាច​ទូទាត់​ជា​ប្រាក់

កញ្ញា វ៉ា​ន់ នី​ឡា ថា​ការ​ខូច​បង់​កិត្តិយស​របស់​នាង ​មិន​អាច​ទូទាត់​ជា​ប្រាក់

រាជធានី​ភ្នំពេញ ៖ ចំណាត់ការ​តាម​ផ្លូវច្បាប់​ស្វែងរក​ជន​ទម្លាយ​រូប​អាក្រាត​របស់​តារាចម្រៀង​សុខ ចិន្តា ហៅ​វ៉ា​ន់ នី​ឡា នៅ​មិន​ទាន់​មាន​ពន្លឺ​នៅឡើយ ។ ទោះបីជា​មានការ​អូស​បន្លាយពេល​ក្តី ក៏​តារាចម្រៀង​នី​ឡា​បញ្ជាក់​ជំហរ​ថា នាង​នឹង​មិន​ទទួលយក​ការ​សម្រប​ស​ស្រួល​ណាមួយ​ក្រៅ​តុលាការ​ជា​ដាច់ខាត ។
ថ្លែង​បញ្ជាក់​មុន​ពេល​ឡើង​យន្តហោះ​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​កាលពី​ល្ងាច​ថ្ងៃ​ទី​៧ ខែកក្កដា ២០១៦ តារាចម្រៀង​ប្រចាំ​ផលិតកម្ម Pleng Record កញ្ញា​វ៉ា​ន់ នី​ឡា បាន​ប្រកាស​ជំហរ​ថា នឹង​មិន​ទទួល​ការ​សម្របសម្រួល​ក្រៅ​តុលាការ​ទេ គឺ​ដាច់ខាត​នាង​ចង់​ឲ្យ​ច្បាប់​ដាក់ទោស​ចំពោះ​ជន​ដែល​ទម្លាយ​រូបថត​នាង ដើម្បី​ទុក​ធ្វើ​ជា​គំរូ​សម្រាប់​ជន​ដទៃ​។ នី​ឡា រំពឹង​ខ្ពស់​ថា តុលាការ​នឹង​រក​យុត្តិធម៌​សម្រាប់​រូប​នាង ។
វ៉ា​ន់ នី​ឡា និយាយ​ថា «​នាង​ខ្ញុំ​នៅ​តែ​ទទូច​ចង់បាន​យុត្តិធម៌ ខណៈ​ដែល​កិត្តិយស​នាង​ខ្ញុំ​ត្រូវ​គេ​បំផ្លាញ​ដែល​នាង​ខ្ញុំ​ស្ទើរតែ​មិន​ហ៊ាន​ដើរ​ចេញ​ក្រៅ​ផ្ទះ ឬ​ប្រឈម​មុខ​ក្នុង​អាជីព​សិល្បៈ ។ ទោះបីជា​អ្នក​ទម្លាយ​រូប​នាង​ខ្ញុំ​ជា​អ្នក​ណា ហើយ​បើ​ទោះបីជា​មាន​អ្នក​ជួយ​អន្តរាគមន៍​ពីក្រោយ​ប៉ុនណា​ក្តី ក៏​នាង​ខ្ញុំ​នឹង​តស៊ូ​ជម្នះ​ដល់ទី​បំផុត ។ បើ​ទោះបីជា​រង​ការ​គំរាម​គាបសង្កត់ ឬ​ផ្តល់​ប្រាក់​ឲ្យ​នាង​ខ្ញុំ​ច្រើន​សន្ធឹកសន្ធាប់​យ៉ាងណា​ក៏​ដោយ ក៏​នាង​ខ្ញុំ​មិន​បោះបង់ ឬ​ដក​ពាក្យបណ្តឹង​ទៅ​កាន់​អ្នក​ធ្វើ​ឲ្យ​នាង​ខ្ញុំ​បាត់បង់​កិត្តិយស​ដែរ ។
ចាកចេញ​ទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​ចំនួន​៥​ស​ប្តា​ហ៍​ក្តី ក៏​ដំណើរ​ចេញ​ទៅ​របស់​នាង​ខ្ញុំ​នឹង​មិន​ប៉ះពាល់​ដល់​ករណី​ប្តឹងប្តល់​នោះ​ទេ ព្រោះតែ​នាង​ខ្ញុំ​បាន​ពិភាក្សា និង​ប្រគល់​សិទ្ធិ​ដល់​មេធាវី​រួចរាល់​ហើយ​ដែរ​» 
ការ​ចេញ​ទៅ​សម្តែង​នៅ​លើ​ទឹកដី​នៃ​ប្រទេស​អូស្ត្រាលី​នេះ វ៉ា​ន់ នី​ឡា ថា​នាង​មាន​ពេល​ច្រើន​សម្រាកលម្ហែ​អារម្មណ៍ និង​បំពេញ​ការ​ចង់បាន​របស់​អ្នក​ផលិតកម្ម​វិធី និង​អ្នកគាំទ្រ​នៅ​ប្រទេស​អូស្ត្រាលី ។ ទន្ទឹម​នេះ វ៉ា​ន់ នី​ឡា រំពឹង​នឹង​ទទួល​បានការ​លើកទឹកចិត្ត​ពី​ជនរួមជាតិ​ខ្មែរ​នៅ​អូស្ត្រាលី មិន​ខុស​គ្នា​នឹង​ជនរួមជាតិ​ខ្មែរ​រស់នៅ​កម្ពុជា​ទេ ។ ការ​ប្រឈម​មុខ​នឹង​បញ្ហា​ផ្សេង​ៗ គឺ​វ៉ា​ន់ នី​ឡា បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ហើយ​ដែរ ។
វ៉ា​ន់ នី​ឡា លើក​ឡើង​ថា ការ​ចេញ​មុខជា​សាធារណៈ​របស់​នាង​ជា​បន្តបន្ទាប់​នេះ គឺ​តប​តាម​ការ​ផ្តល់​កម្លាំងចិត្ត និង​មិន​ចង់​ផ្តេកផ្តួល​ទៅ​តាម​បញ្ហា​ប្រឈម​នៅ​ក្នុង​ជីវិត ហើយ​នាង​នឹង​តស៊ូ​ជម្នះ​គ្រប់​រឿងរ៉ាវ​ដែល​កើតឡើង​នៅ​ចំពោះ​មុខ​។ ក្រោយ​ពី​វិល​ត្រឡប់​មក​ពី​ប្រទេស​អូស្ត្រាលី​វិញ វ៉ា​ន់ នី​ឡា នៅ​តែ​បន្តការងារ​សិល្បៈ ខណៈ​ដែល​នាង​នៅ​ជាប់កិច្ចសន្យា​ជាមួយ​ផលិតកម្ម​ប្រមាណ​២​ឆ្នាំ​ទៀត ។ បទ​ចម្រៀង ថ្មី​ៗ​របស់​នី​ឡា​ជា​ច្រើន​បទ នឹង​បន្ត​ចេញ​លក់ ។
កាលពី​អំឡុង​ដើមខែ​មិថុនា លេច​ចេញ​រូបថត​អាក្រាត​មួយ​ចំនួន​របស់​កញ្ញា​វ៉ា​ន់ នី​ឡា ហើយ​ត្រូវ​គេ​ចែកចាយ​តាម​ហ្វេ​ស​ប៊ុ​ក ។ កន្លង​មក​លោក​សុខ ជំនោរ ជា​បងប្រុស​បាន​នាំ​កញ្ញា​វ៉ា​ន់ នី​ឡា ចូល​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​រឿង​នោះ ៕

 

កញ្ញា វ៉ា​ន់ នី​ឡា ថា​ការ​ខូច​បង់​កិត្តិយស​របស់​នាង ​មិន​អាច​ទូទាត់​ជា​ប្រាក់ កញ្ញា វ៉ា​ន់ នី​ឡា ថា​ការ​ខូច​បង់​កិត្តិយស​របស់​នាង ​មិន​អាច​ទូទាត់​ជា​ប្រាក់ Reviewed by lalanah on 8:28 PM Rating: 5

No comments:

Powered by Blogger.