មិត្ត កែម ឡី ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​តាមដាន


មិត្ត កែម ឡី ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​តាមដាន

 

ភ្នំពេញៈ ព្រះតេជគុណ​មួយ​អង្គ​ដែល​ត្រូវ​បាន​សាធារណជន​ស្គាល់​ថា​ជា​មិត្ត​ស្និទ្ធស្នាល​ និង​ជា​ដៃគូ​ពិភាក្សា​រឿង​ព្រៃឈើ​ជាមួយ​លោក​បណ្ឌិត​ កែម ឡី ដែល​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​នា​ពេល​ថ្មីៗ​នេះ​អះអាង​ថា​ព្រះអង្គ​ត្រូវ​បាន​​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​តាមដាន​គំរាម​កំហែង​ខណៈ​ដែល​ព្រះអង្គ​និមន្ត​ទៅ​ស្ថានទូត​​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែល​ជា​មិត្ត​ស្និទ្ធស្នាល​នឹង​លោក​ កែម ឡី ក្នុង​ការ​ពិភាក្សា​វិធីសាស្ត្រ​ថែទាំង​បរិស្ថាន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​កាលពី​ថ្ងៃ​ទី​ ១៣ មាន​ជន​មិន​ស្គាល់​មុខ​​មួយ​ក្រុម​ប្រមាណ​ ៥ ​នាក់​បាន​តាមដាន​ព្រះអង្គ​ទៅ​ដល់​ស្ថានទូត​មួយ​ក្នុង​រាជធានី​ភ្នំពេញ។
ព្រះតេជគុណ​មាន​សង្ឃដីកា​ថា​៖ «ដោយ​យើង​ដឹង​ថា​មាន​មនុស្ស​ច្រើន​បាន​តាមដាន​យើង​ពី​ក្រោយ​ទើប​ព្យាយាម​សម្រុក​ចូល​ក្នុង​ស្ថានទូត​តែ​ម្តង​គេ​តាម​រហូត​ជា​ប្រចាំ អាត្មា​មិន​ខ្វល់​ទេ​តាម​អី​តាម​ទៅ​តែ​អាត្មា​សុំ​លាក់​អាថ៌កំបាំង​ថា​ទៅ​ស្ថានទូត​ណា​»​។ ព្រះតេជគុណ​បន្ត​ថា​នឹង​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បើ​ទោះ​ដឹង​ថា​មាន​គេ​តាម​គំរាម​កំហែង​។​
ព្រះអង្គ​ថា​៖ «​យើង​បាន​ដឹង​ខ្លួន​ដែរ​មុន​នឹង​សម្លាប់​ កែម ឡី យើង​បាន​និយាយ​គ្នា​ល្ងាច​ថ្ងៃ​ទី​ ៧​ ថា​គេ​មិន​ទុក​យើង​យូរ​ទេ​គេ​នឹង​សម្លាប់​ហើយ​ប៉ុន្តែ​យើង​អត់​មាន​ជម្រើស​មិន​ដឹង​ទៅ​ណា​ព្រោះ​នេះ​ជា​ប្រទេស​យើង​ត្រូវ​តែ​ខំប្រឹង​ធ្វើ​កិច្ចការ​ល្អ​»​។​ «​តាម​ពិត​អាត្មា​ចង់​ទៅ​ប្រទេស​ណា​ក៏​រួច​ដែរ​មាន​សំបុត្រ​យន្តហោះ ​មាន​ទិដ្ឋាការ​អស់​ហើយ​តែ​អាត្មា​តាំង​ចិត្ត​ថា​បើ​អាត្មា​មិន​ងាប់​ត្រូវ​ធ្វើ​បុណ្យ​ឱ្យ​ កែម ឡី បើ​អាត្មា​ងាប់ កែម ឡី ធ្វើ​បុណ្យ​ឱ្យ​វិញ​»​។​ បើ​ទោះ​ជា​មាន​ការ​គំរាម​កំហែង​តែ​ព្រះអង្គ​ថា​នឹង​ធ្វើ​ដើម្បី​ប្រទេស​ជាតិ​។
ប៊ុនតិញ ​ថា​៖ «​គ្មាន​បុគ្គល​ណា​អួត​ថា​មិន​ខ្លាច​ទេ​អាត្មា​ហ៊ាន​អួត​ថា​អាត្មា​ខ្លាច​ប៉ុន្តែ​ការងារ​ដែល​ជា​កាតព្វកិច្ច​របស់​ពលរដ្ឋ​ ការងារ​ប្រទេស​ជាតិ​អាត្មា​នៅ​តែ​ធ្វើ​អត់​មាន​រាថយ​ទេ​ព្រោះ​យើង​ចាំ​បណ្តាំ​ កែម ឡី ដើម្បី​ជួយ​ប្រទេស​បាន​ទាល់​តែ​យើង​ជា​ពលរដ្ឋ​សកម្ម​ចូលរួម​កិច្ចការ​សង្គម​ឱ្យ​បាន​ច្រើន​ធ្វើ​ខ្លួន​ជា​មនុស្ស​ល្អ​បាន​យើង​ជួយ​ជាតិ​បាន»។
បន្ទាប់ពី​មាន​ឃាតកម្ម​លើ​លោក​បណ្ឌិត​ កែម ឡី ដែល​ជា​អ្នក​វិភាគ​ព្រឹត្តិការណ៍​សង្គម​នោះ​យុវជន​បង​ប្អូន​ពីរ​នាក់​ដែល​ស្និទ្ធ​នឹង​លោក កែម ឡី ឈ្មោះ ជុំ ហួត និង ជុំ ហួរ បាន​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ដោយ​បារម្ភ​​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​។ ​
ក្នុង​ហ្វេសប៊ុក​របស់ Chum Hout និង Chum Hour បាន​បង្ហាញ​រូបភាព​កោរ​សក់​ទាំង​ពីរ​នាក់​នៅ​លើ​យន្តហោះ​ដោយ​សរសេរ​ពាក្យ «មាន​តែ​ខោ​អាវ​មួយ​សម្រាប់​ពាក់​ជាប់​នឹង​ខ្លួន​ត្រូវ​បង្ខំ​ចិត្ត​ចាកចេញ​ទៅ​ទាំង​អារម្មណ៍​ក្ដុកក្ដួល​ក្រៃលែង​លា​ហើយ​កម្ពុជា​អើយ»។
មុន​ពេល​ចេញ​ដំណើរ​ក្នុង​ហ្វេសប៊ុក​បាន​សរសេរ​ថា៖ ​«ពេល​នេះ​ពួក​ខ្ញុំ​អត់​មាន​សុវត្ថិភាព​ទេ​ហើយ​កំពុង​តែ​នៅ​កន្លែង​មួយ»។ បន្ទាប់​ពី​មាន​ឃាតកម្ម​លើ​លោក កែម ឡី យុវជន​ទាំង​ពីរ​បាន​ចេញ​មុខ​ប្រាប់​អ្នក​សារព័ត៌មាន​ថា​មាន​គេ​តាមដាន​លោក កែម ឡី មុន​មួយ​ថ្ងៃ​ដែល​គេ​ធ្វើ​សកម្មភាព។
លោក កែម ឡី ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​កាលពី​ថ្ងៃ​អាទិត្យ​ក្នុង​ស្តារម៉ាត​ស្តុប​បូកគោ៕
មិត្ត កែម ឡី ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​តាមដាន មិត្ត កែម ឡី ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​តាមដាន Reviewed by lalanah on 2:00 AM Rating: 5

No comments:

Powered by Blogger.